ព័ត៌មាន | What's News
គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានរៀបចំសិក្ខាសាលាបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងផែនការយុទ្ធសាស្រ្ត ២០១៨-២០២២ ដែលមានការចូលរួមពីគ្រប់បុគ្គលិកទាំងអស់ នៃគ្រួសារហ្វូតាបា។ គោលបំណងនៃអង្គសិក្ខាសាលានេះ គឺដើម្បីបង្ហាញពីសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០១៧ ក៏ដូចជាការកកើតរបស់គ្រឹះស្ថាន ហ្វូតាបា និងការថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែងដល់បុគ្គលិកគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្មក្នុងឆ្នាំកន្លងទៅនេះ។ សិក្ខាសាលានេះបានរៀបចំឡើងនៅថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០១៧ នៅខេត្តព្រះសីហនុ។
លោកបណ្ឌិត ចាប រតនា ដែលជាទីប្រឹក្សានាយកប្រតិបត្តិ បានមានប្រសាសន៍ថា លោកពិតជាមានសេក្តីសោមនស្សរីករាយណាស់ ដោយមើលឃើញពីការរីកចម្រើនរបស់គ្រឹះស្ថាន ហ្វូតាបា ជាលំដាប់តាមរយៈកំណើននៃបុគ្គលិក ការពង្រីកតំបន់ប្រតិបត្តិការ ការបង្កើនផលិតផល និងសេវាហិរញ្ញវត្ថុបន្ថែម ដើម្បីអនុលោមតាមបេសកកម្ម និងទស្សនវិស័យរបស់ខ្លួន គឺជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលលើកស្ទួយឲ្យល្អប្រសើរនូវកម្រិតជីវភាពរស់នៅរបស់អតិថិជននាពេលបច្ចុប្បន្ន និងអ្នកជំនាន់ថ្មី ក៏ដូចជាផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដែលទុកចិត្តបំផុតទៅកាន់សហគ្រាស ខ្នាតមធ្យម ខ្នាតតូច ខ្នាតតូចបំផុត និងរូបវន្តបុគ្គលដោយបង្កើតនូវទីផ្សារដែលមានស្ថិរភាព ដើម្បីគាំទ្រទាំងអតិថិជននាពេលបច្ចុប្បន្ន និងអ្នកជំនាន់ថ្មី ព្រមទាំងចូលរួមក្នុងសកម្មភាពសង្គម ដើម្បីសម្រេចនូវគោលបំណង ឬ ក្តីសុបិនរបស់ពួកគាត់ជាមួយអនាគតដ៏ប្រសើរ។
លោក ព្រាប កណ្តឹង ដែលជាជំនួយការនាយកប្រតិបត្តិ ក៏បានបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុសំខាន់ៗមួយចំនួនដូចជា ទិដ្ឋភាពទូទៅរបស់គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ជូនដល់គ្រប់បុគ្គលិកទាំងអស់បានជ្រូតជ្រាបអំពីរច្ចនាសម្ព័ន្ធបុគ្គលិក សុខភាពហិរញ្ញវត្ថុ និងផែនការយុទ្ធសាស្រ្តនាពេលអនាគត។ លើសពីនេះទៅទៀត លោកក៏បានចែករំលែកនូវចំណេះដឹង និងបទពិសោធន៍មួយចំនួនដែលបានធ្វើឲ្យគ្រឹះស្ថាន ហ្វូតាបា មានដំណើការល្អរហូតសម្រេចបាននូវសមិទ្ធផលការងារដ៏ល្អដូចថ្ងៃនេះ។ ទន្ទឹមនឹងនោះដែរ លោកក៏បានផ្តាំផ្ញើដល់បុគ្គលិកទាំងអស់ សូមយកចិត្តទុកដាក់បំពេញការងារបន្ថែមទៀត ដើម្បីនាំនាវាគ្រឹះស្ថាន ហ្វូតាបា មួយនេះឲ្យទទួលបានលទ្ធផលល្អប្រសើរ និងការរីកចម្រើនបន្ថែមទៀតនាពេលអនាគត។
បន្ថែមលើនេះទៀត លោក អ៊ុំ ពិសិដ្ឋ ដែលជាជំនួយការនាយកប្រតិបត្តិ ក៏បានសង្ខេបនូវសមិទ្ធផល អាជីវកម្មដែលសម្រេចបានក្នុងឆ្នាំ២០១៧ និងផែនការយុទ្ធសាស្រ្តសម្រាប់រយៈពេល៥ឆ្នាំ ២០១៨ ដល់ ២០២២។ គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ មានបុគ្គលិកសរុបចំនួន ៨៦នាក់ ស្រីចំនួន ៣៣នាក់ និងប្រុសចំនួន ៥៣នាក់ កំពុងបម្រើការងារនៅការិយាល័យកណ្តាល និងការិយាល័យសាខាចំនួន ០៤ នៃខេត្ត-រាជធានី រួមមាន សាខាការិយាល័យកណ្តាល សាខាខណ្ឌទួលគោក សាខាខណ្ឌពោធិ៍សែនជ័យ និងសាខាក្រុងច្បារមន។ ក្នុងនោះអតិថិជនឥណទានសកម្មសរុបមានចំនួន ៥៩៥នាក់ ជាមួយនឹងផលប័ត្រឥណទានសរុប ១០.០៣៤.៣១៤ លានដុល្លារអាមេរិក និង អត្រាហានិភ័យឥណទាន ០.០០% ក្រោមការគ្រប់គ្រងដោយមន្រ្តីឥណទានចំនួន ១៩នាក់ ដែលមានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ អាចបញ្ជាក់ឱ្យឃើញថាគ្រឹះស្ថាន ហ្វូតាបា បាននិងកំពុងបន្តដំណើរការរបស់ខ្លួនប្រកបដោយវិជ្ជមាន និងប្រកបដោយនិរន្តរភាពនាពេលអនាគតយ៉ាងខ្លីខាងមុខ។ លោកក៏បានបន្ថែមទៀតថា គ្រឹះស្ថាន ហ្វូតាបា នឹងបន្តខិតខំសម្រិតសម្រាំងផ្តល់នូវផលិតផល និងសេវាកម្មឲ្យកាន់តែប្រសើរបំផុតជូនដល់អតិថិជនទាំងអស់ក្នុងពេលខាងមុខនេះ ពោលគឺអតិថិជន និងហ្វូតាបាមានក្តីសុបិនរួមគ្នាតែមួយ។
ក្នុងឱកាសដ៏មហោឡារិកនេះ គណៈកម្មាធិការរៀបចំសិក្ខាសាលា ក៏បានរៀបចំកម្មវិធីពិសេសៗមួយចំនួនដូចជាការប្រគល់ពានរង្វាន់ជូនដល់សាខាឆ្នើម ការប្រគល់លិខិតសរសើរមន្ត្រីឥណទាន និងបុគ្គលិកដែលបម្រើការងារយូរជាងគេ ការដំឡើងមុខតំណែង-តួនាទី កម្មវិធីចាប់រង្វាន់ និងពិសារអាហារសាមគ្គីនៃគ្រួសារបុគ្គលិកហ្វូតាបា ៕