អំពីយើង | សាររបស់ប្រធានក្រុមប្រឹក្សាភិបាល

ជាដំបូង ខ្ញុំសូមជម្រាបជូនថា គិតមកដល់ឆ្នាំ២០២៥ គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បាន បើកប្រតិបត្តិការអាជីវកម្មរបស់ ខ្លួនមានរយៈពេល ១០ឆ្នាំមកហើយ នេះក៏ជាឆ្នាំដែលគ្រឹះស្ថានបានធ្វើការផ្លាស់ប្តូរទីតាំងការិយាល័យកណ្តាលថ្មីរបស់ខ្លួន ដែលមានទីកន្លែងធំទូលាយល្អប្រសើរជាងមុន សម្រាប់បន្តផ្តល់នូវសេវាកម្មដ៏ល្អជូនអតិថិជន និងដៃគូសហការនានា។ ជាពិសេស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារជាតិនៃកម្ពុជា និងក្រសួងពាក់ព័ន្ធដែលបានផ្តល់ការអនុញ្ញាតជាផ្លូវការសម្រាប់ការផ្លាស់ប្តូរនេះ ដែលពិតជាបានមើលឃើញពីការខំប្រឹងប្រែង និងសារៈសំខាន់របស់យើងខ្ញុំដែលជាផ្នែកមួយសម្រាប់ការគាំទ្រដល់វិស័យធនាគារ និងហិរញ្ញវត្ថុ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។
នៅក្នុងឆ្នាំ២០២៥ ស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែមានការប្រឈមនឹងភាពតានតឹងភូមិសាស្ត្រ នយោបាយ បញ្ហាអូសបន្លាយនៃ សង្គ្រាមរវាងប្រទេសរុស្សីនិងអ៊ុយក្រែន សង្រ្គាមរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ដែលនាំឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចស្ទើរតែ គ្រប់ប្រទេសនៅលើពិភពលោក ហើយចុងក្រោយនេះសង្គ្រាមឈ្លានពានព្រំដែនពីប្រទេសថៃមកលើប្រទេសកម្ពុជា និងការប្រឈមនឹងការរីករាលដាលជាសកលនៃឧក្រិដ្ឋកម្មសាយប័រនៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទទួលរង នូវផលប៉ះពាល់ដល់កេរិ៍្តឈ្មោះប្រទេស ហើយអាចមានហានិភ័យដល់ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ជាពិសេសការធ្វើពាណិជ្ជកម្ម និង ការវិនិយោគអន្តរជាតិនានា។ យើងឃើញថា កំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ២០២៥ បានព្យាករណ៍ក្នុងអត្រា ៣,២% ដែលក្នុង នោះប្រទេសកំពុងអភិវឌ្ឍន៍ក្នុងអត្រា ១,៦% ប្រទេសកំពុងលូតលាស់និងកំពុងអភិវឌ្ឍន៍បានកើនក្នុងអត្រា ៤,២% និងសេដ្ឋកិច្ចតំបន់ អាស៊ានបានថយចុះត្រឹមអត្រា ៤,៣% និងអតិផរណាពិភពលោកបានថយចុះនៅត្រឹម ៤,២% បើយោងតាមរយៈការព្យាករណ៍របស់ មូលនិធិរូបិយវត្ថុអន្តរជាតិ។ ចំពោះសេដ្ឋកិច្ចកម្ពុជាវិញ សម្រាប់ឆ្នាំ២០២៥ ត្រូវបានប៉ាន់ស្មានថាមានកំណើនក្នុងអត្រា ៥% និងអត្រា អតិផរណាមានត្រឹមកម្រិត ២,៥% ជាអត្រាមួយទាប ដែលជំរុញដោយការនាំចេញសម្លៀកបំពាក់ដ៏រឹងមាំ និងភាពធន់នៃវិស័យកសិកម្ម ទោះបីជាប្រឈមមុខនឹងឧបសគ្គពីបំណុលឯកជនខ្ពស់ តម្រូវការអចលនទ្រព្យខ្សោយ និងភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មសកលក៏ដោយ។ អតិផរណាអាចគ្រប់គ្រងបាន ហើយការវិនិយោគផ្ទាល់ពីបរទេសនៅតែរឹងមាំ ទោះបីជាគណនីចរន្តបានផ្លាស់ប្តូរទៅជាឱនភាពក៏ដោយ។
ចំពោះទំនុកចិត្តមកលើប្រព័ន្ធធនាគារ និងមីក្រូហិរញ្ញវត្ថុនៃប្រទេសកម្ពុជានូវតែបន្តរក្សាបានវឌ្ឍនភាព និងស្ថិរភាពតាមរយៈការគាំទ្រពីសាធារណជន អតិថិជនទូទៅ និងអ្នកវិនិយោគក្នុងស្រុក។ ចំណុចនេះយើង អាចមើលឃើញថាប្រព័ន្ធធនាគារ និងមីក្រូហិរញ្ញវត្ថុពិតជាបានរងផលប៉ះពាល់ដែលធនាគារជាតិនៃកម្ពុជា បានបន្តតាមដានស្ថានភាព ស្ថិរភាពហិរញ្ញវត្ថុ បន្តពង្រឹងក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងពង្រីកសហប្រតិបត្តិការក្នុងស្រុក និងក្រៅស្រុក ជំរុញវិធានការការទប់ស្កាត់និងបង្ការហានិភ័យនានា និងវិធានការអនុគ្រោះបទប្បញ្ញត្តិត្រូវបានដាក់ចេញ។ ក្នុងស្ថានភាពនេះឃើញថា ការកើនឡើងនូវបំណុលយឺតយ៉ាវក្នុងវិស័យធនាគារ និង មីក្រូហិរញ្ញវត្ថុ ហើយគ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ក៏មានការកើនឡើងដូចគ្នាដែលទាមទារការខិតខំប្រឹងប្រែងដោះស្រាយ និងអនុវត្តនូវវិធានការនានាដែលបានដាក់ចេញពីធនាគារជាតិនៃកម្ពុជា។
ទោះបីមានបញ្ហាប្រឈមដែលបានជះឥទ្ធិពលមួយចំនួនដល់សេដ្ឋកិច្ចកម្ពុជា និងវិស័យធនាគារ និងហិរញ្ញវត្ថុក៏ដោយ គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី នៅតែបានខិតខំប្រឹងប្រែងអនុវត្តកិច្ចការងារ និងមានវិធានការដោះស្រាយលើហានិភ័យមួយចំនួន ជាពិសេសពង្រឹងលើគុណភាពឥណទានបន្ថែមទៀត និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ ស្របទៅតាមផែនការយុទ្ធសាស្រ្តរយៈពេលវែងរបស់ខ្លួន ហើយគ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ក៏បានផ្លាស់ប្តូររចនាសម្ព័ន្ធរបស់ខ្លួនក្នុងកម្រិតក្រុមប្រឹក្សាភិបាល ដើម្បីបន្តការត្រួតពិនិត្យ តាមដាន និងផ្តល់អនុសាសន៍ក្នុងប្រតិបត្តិការអាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាព។ ទោះជាស្ថិតនៅស្ថានភាពលំបាកនេះក៏ដោយតាមរយៈរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២៥ គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី នៅតែអាចរក្សាប្រាក់ចំណេញរបស់ខ្លួនបានចំនួន ២៣២.១២៥ ដុល្លារអាមេរិក ជាមួយនឹងទ្រព្យសកម្មចំនួន ១៥.៨៨៦.៦៤៥ ដុល្លារអាមេរិក។ ទោះបីការចំណេញនេះមិនទាន់ស្របទៅតាមផែនការកំណត់ តែក៏ជាលទ្ធផលល្អមួយដែលបានបង្ហាញពីការចូលរួមសហការពីគណៈគ្រប់គ្រង បុគ្គលិកទាំងអស់ និងពិសេសផ្នែកឥណទានផ្ទាល់ដែលបានខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងដោះស្រាយបំណុលយឺតយ៉ាវឱ្យបានទាន់ពេលវេលា។
ក្នុងនាមប្រធានក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជននៅតែមានសុច្ឆន្ទៈក្នុងការប្រើប្រាស់សេវា និង ផលិតផលរបស់គ្រឹះស្ថាន ដើម្បីចូលរួមចំណែកអភិវឌ្ឍអាជីវកម្ម និងធនធានមនុស្សជំនាន់ក្រោយក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេស ភាគទុនិកជប៉ុនរបស់យើងខ្ញុំ តែងតែផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ នាយករងប្រតិបត្តិ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ របស់គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី សម្រាប់ការគាំទ្រ និងការខិតខំប្រឹងប្រែងបំពេញ ការងាររបស់ខ្លួន និងការអនុវត្តតាមផែនការយុទ្ធសាស្រ្តរបស់គ្រឹះស្ថាន។ ជាពិសេសខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ធនាគារជាតិនៃកម្ពុជា ក្រសួងពាក់ព័ន្ធ និងដៃគូសហប្រតិបត្តិការនានា ដែលតែងតែផ្តល់ការសហការការគាំទ្រ និងអនុសាសន៍នានាដល់គ្រឹះស្ថានយើងខ្ញុំ លើចំណុចខ្វះខាតមួយចំនួនបន្ថែមទៀត ដែលគ្រឹះស្ថាននូវតែយកចិត្តទុកដាក់លើចំណុចខ្វះខាតទាំងនោះ ដើម្បីពង្រឹងលើវិធានការអនុវត្ត និងពិនិត្យចាត់ចែងបន្តនូវរាល់ផែនការសកម្មភាពការងារទាំងអស់នោះឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកប ដោយតម្លាភាពរហូតមកដល់ពេលបច្ចុប្បន្ន និងនាពេលអនាគត។
ជាចុងក្រោយ យើងខ្ញុំសូមប្រសិទ្ធិពរជ័យ វិបុលសុខ ចូរកើតមានដល់លោកអ្នក និងក្រុមគ្រួសារនូវ សេចក្តីសុខចម្រើន សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចការងារ និងទេវតាឆ្នាំថ្មី តាមថែរក្សាជានិច្ចនិរន្តរតរៀងទៅ។