អំពីយើង | សាររបស់នាយកប្រតិបត្តិ
ជូនចំពោះអតិថិជន និងដៃគូពាណិជ្ជកម្មជាទីគោរព!
សូមជម្រាបជូនថា គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានទទួលអាជ្ញាប័ណ្ណប្រកបអាជីវកម្មជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពី ធនាគារជាតិនៃកម្ពុជា ដើម្បីប្រកបសកម្មភាពអាជីវកម្មនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥។ ដោយមើលឃើញពីដំណើរការជាវិជ្ជមាននៃការ ប្រតិបត្តិ និងការគ្រប់គ្រង ព្រមទាំងផែនការ យុទ្ធសាស្រ្តវែងឆ្ងាយទៅថ្ងៃអនាគត របស់គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី កាល ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ធនាគារជាតិនៃកម្ពុជា បានសម្រេចផ្តល់អាជ្ញាប័ណ្ណអចិន្ត្រៃយ៍សម្រាប់ប្រកបអាជីវកម្មជាផ្លូវការមកឱ្យគ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ជំនួសឱ្យអាជ្ញាបណ្ណដែលមានកំណត់រយៈពេល ៣ឆ្នាំ ហើយក៏បានអនុញ្ញាតក្នុងការបង្កើតសាខាថ្មី មួយបន្ថែមទៀត គឺសាខាក្រុងដូនកែវ ខេត្តតាកែវ ដោយបាន ទទួលអាជ្ញាប័ណ្ណស្របច្បាប់ពីធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ហើយនៅក្នុង ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជាក៏បានចេញសន្លឹកអាជ្ញាបណ្ណថ្មីជាមួយនឹងទេសាភិបាលថ្មី ចុះ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។
ស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជា មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ហើយបើក្រឡេកមកមើលស្ថានភាពនៃវិស័យធនាគារ គ្រឹះស្ថាន ហិរញ្ញវត្ថុ គ្រឹះស្ថានបង់រំលស់ ព្រមទាំងគ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី នៅក្នុងឆ្នាំ២០២៤ ក៏នៅតែជួបប្រទះបញ្ហាប្រឈម មួយចំនួនផងដែរ ជាពិសេសទៅលើ ការគ្រប់គ្រងគុណភាពឥណទាន ដែលបំណុលយឺតយ៉ាវមានការកើនឡើង។ យើងបានបង្កើត គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី និងបានប្រតិបត្តិការមករយៈពេលជិត ៩ឆ្នាំទៅហើយ ដែលកំពុងបានបម្រើសេវាជូនអតិថិជន និងបម្រើការងារនៅការិយាល័យកណ្តាល និងសាខាចំនួន ០៥ រួមមានសាខាការិយាល័យកណ្តាល សាខាខណ្ឌព្រែកព្នៅ សាខាខណ្ឌ ពោធិ៍សែនជ័យ សាខាក្រុងច្បារមន (ខេត្តកំពង់ស្ពឺ) និងសាខាក្រុងដូនកែវ (ខេត្តតាកែវ) ហើយសាខាក្រុងដូនកែវជាសាខាដែលបើក ដំណើរការប្រតិបត្តិការចុងក្រោយគេនៅក្នុងឆ្នាំ២០២៣ កន្លងមកនេះ។
សមិទ្ធផលដែលទទួលបានសង្ខេបៗគិតមកត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ របស់គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដូចខាងក្រោម៖
១. បុគ្គលិកសរុបចំនួន ៩៧ នាក់ ស្ត្រីចំនួន ២៨ នាក់ និងបុរសចំនួន ៦៩ នាក់
២. ចំពោះអតិថិនជនដែលបាន និងកំពុងទទួលកម្ចីមានសរុប ១.០១៥ នាក់
៣. ផលបត្រឥណទានសរុប ១៤.៧៩៨.២០៦ ដុល្លារអាមេរិក
៤. ទ្រព្យសកម្មសរុបចំនួន ១៥.៥៤៩.៤៧៩ ដុល្លារអាមេរិក
៥. ប្រាក់ចំណេញសម្រាប់ឆ្នាំ២០២៤ ចំនួន ៣០៧.០១៨ ដុល្លារអាមេរិក
៦. ហានិភ័យនៃផលបត្រឥណទាន (ធំជាង ៣០ថ្ងៃ) ចំនួន ១៩,៤១%
៧. បំណុលយឺតយ៉ាវកាត់ចេញពីបញ្ជីមានចំនួន ០%។
មកដល់បច្ចុប្បន្នបើទោះបីគ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មិនទាន់មានការិយាល័យប្រតិបត្តិការ ឱ្យបានទូលំទូលាយនៅ ទូទាំងប្រទេសកម្ពុជា ក៏ចក្ខុវិស័យរបស់យើងខ្ញុំត្រូវតែខិតខំអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជា គ្រឹះស្ថានហិរញ្ញវត្ថុឈានមុខមួយនៅក្នុងព្រះរាជាណា ចក្រកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពក្នុងពេលបច្ចុប្បន្ន ក៏ដូចពេលអនាគត តាម រយៈការធ្វើឱ្យមានលំនឹង ស្ថិរភាព តម្លាភាពលើផ្នែកទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា និងផែនការយុទ្ធសាស្រ្តរយៈពេលវែងដែលនឹងពង្រីកតំបន់ ប្រតិបត្តិការឱ្យបានទូលំទូលាយបន្ថែមទៀតនៅតាមបណ្តាខេត្តផ្សេងៗទៀតជាដំណាក់កាលៗ ដោយបត់បែនតាមស្ថានភាពសេដ្ឋកិច្ច ដែលជាបំណងប្រាថ្នាដ៏សុចរិត ក៏ដូចជាគោលដៅរបស់គ្រឹះស្ថានយើងខ្ញុំផងដែរ។
ទន្ទឹមនឹងការបំពេញតម្រូវការអតិថិជនក្នុងអំឡុងឆ្នាំ២០២៤ យើងក៏បានយកចិត្តទុកដាក់លើការពង្រឹងប្រព័ន្ធនៃការត្រួតពិនិត្យផ្ទៃក្នុង របស់ខ្លួនបង្កើត និងបច្ចុប្បន្នភាពលើគោលការណ៍ និងនីតិវិធីនានាការគ្រប់គ្រងដោះស្រាយលើឥណទានយឺតយ៉ាវ ពង្រឹងសមត្ថភាព បុគ្គលិក (តាមរយៈការបណ្តុះបណ្តាលខាងក្នុង និងខាងក្រៅ) និងការកែសម្រួលរចនាសម្ព័ន្ធកម្រិតក្រុមប្រឹក្សាភិបាល ដើម្បីឱ្យការ ប្រតិបត្តិ និងការត្រួត ពិនិត្យមានភាពរឹងមាំ និងប្រសិទ្ធភាពនៃការអនុវត្ត ស្រមតាមការប្រតិបត្តិតាមច្បាប់ ឬបទប្បញ្ញត្តិដែលតម្រូវ ដោយធនាគារជាតិនៃកម្ពុជា និងក្រសួងពាក់ព័ន្ធ។
គ្រឹះស្ថានរបស់យើងខ្ញុំ នឹងរិះរកវិធីក្នុងការផ្ដល់ជូននូវសេវាដ៏សម្បូរបែប និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ លើដំណោះស្រាយហិរញ្ញ វត្ថុថ្មីៗ ជូនចំពោះអតិថិជនចាស់ និងថ្មីទាំងអស់។ កន្លងមកដើម្បីបំពេញតម្រូវការ របស់អតិថិជន គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានបង្កើតផលិតផលសេវាហិរញ្ញវត្ថុជាច្រើនដែលរួមមាន ឥណទានអាជីវកម្ម ឥណទានកសិកម្ម ឥណទានគេហដ្ឋាន ឥណទាន សម្រាប់ប្រើប្រាស់ ឥណទានបុគ្គលិក ឥណទានសម្រាប់ការសិក្សា និងឥណទាននិយោជិត។ ចំពោះឥណទានបុគ្គលិក និងឥណទាន សម្រាប់ការសិក្សា ត្រូវបានផ្តល់ជូនក្នុងអត្រាការប្រាក់ទាបបំផុត ជាមួយនឹងសេវាល្អឥតខ្ចោះ ដែលមិនធ្លាប់មានក្នុងគោលដៅចូលរួម លើកស្ទួយផ្នែកសង្គម គាំទ្រជីវភាពគ្រួសាររបស់បុគ្គលិក និងអភិវឌ្ឍ នូវវិស័យធនធានមនុស្ស។
ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងស្ថានភាពបច្ចុប្បន្នសេដ្ឋកិច្ចប្រទេសកម្ពុជា នៅមិនទាន់ល្អប្រសើរនៅឡើយ ដែលធ្វើឱ្យមានការ ប្រឈមមួយចំនួនដល់វិស័យធនាគារ និងហិរញ្ញវត្ថុ ហើយក៏បានប៉ះពាល់ដល់គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដោយប្រាក់ ចំណេញទាបជាងផែនការកំណត់ និងស្ថានភាពឥណទានយឺតយ៉ាវមានការកើនឡើង។ តែប្រព័ន្ធធនាគារនិងមីក្រូហិរញ្ញវត្ថុនៃប្រទេស កម្ពុជា នូវបន្តមានភាពរឹងមាំ ដែលអាចធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុករបស់កម្ពុជានឹងវិលទៅរកភាពប្រក្រតីវិញនូវមុខរបរ និងអាជីវកម្មនានា មានដំណើការល្អប្រសើរឡើងវិញនៅថ្ងៃខាងមុខឆាប់ៗ យើងសង្ឃឹម និងជឿជាក់ថា គ្រឹះស្ថានយើងខ្ញុំនឹងបន្តប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងក្លាយជាមាគ៌ាសម្រាប់អ្នកជំនាន់ក្រោយកម្ពុជា ដែលសម្រេចយកភាពត្រឹមត្រូវ ស្មើគ្នា និងរក្សាឱ្យបាននូវតម្លាភាព ជាមូលដ្ឋានក្នុងវិស័យសេវាហិរញ្ញវត្ថុ។ គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានការគាំទ្រមូលនិធិពីភាគទុនិកឯកកម្មសិទ្ធិពី ប្រទេសជប៉ុន ដែលយើងខ្ញុំអាចចាត់ចែងប្រកបដោយភាពស្ទាត់ជំនាញ និងផ្តល់សេចក្តីសម្រេចចិត្តបានយ៉ាងឆាប់រហ័ស ដើម្បីបំពេញ តាមតម្រូវការអតិថិជន។
ដើម្បីឱ្យ “សុបិនក្លាយជាការពិត” ទាំងអតិថិជន និងគ្រឹះស្ថានគ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី យើងខ្ញុំរីករាយស្វាគមន៍សហការ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុយ៉ាងកក់ក្តៅ និងជាទីទុកចិត្តបំផុតជូនអតិថិជនទាំងអស់ នូវសេវាឥណទានយ៉ាងសម្បូរបែបគ្រប់ពេលវេលា ដែលត្រូវការ។
ជាទីបញ្ចប់ ក្នុងនាមគណៈគ្រប់គ្រងគ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជន ភាគទុនិកជប៉ុន ក្រុមប្រឹក្សាភិបាល នាយករងប្រតិបត្តិ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ ដែលតែងតែគាំទ្រ និងការខិតខំប្រឹងប្រែង ក្នុងការអនុវត្ត ការងារទៅតាមការទទួលខុសត្រូវ និងផែនការ យុទ្ធសាស្រ្តរបស់គ្រឹះស្ថានកន្លងមក ក៏ដូចជាធនាគារជាតិនៃកម្ពុជា និងក្រសួងពាក់ព័ន្ធ ដែលតែងតែផ្តល់ការ សហការ និងការគាំទ្រដល់គ្រឹះស្ថានយើងខ្ញុំ។
សូមសុបិនរបស់លោកអ្នកក្លាយជាការពិត។