អំពីយើង | សាររបស់នាយកប្រតិបត្តិ
ជូនចំពោះអតិថិជន និងដៃគូពាណិជ្ជកម្មជាទីគោរព!
គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានទទួលអាជ្ញាប័ណ្ណជាស្ថាប័នហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា ដើម្បីប្រកបសកម្មភាពអាជីវកម្មនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥។ ដោយមើលឃើញពីដំណើរការជាវិជ្ជមាននៃការប្រតិបត្តិ និងការគ្រប់គ្រង ព្រមទាំងផែនការយុទ្ធសាស្រ្តវែងឆ្ងាយទៅថ្ងៃអនាគតរបស់គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ធនាគារជាតិនៃកម្ពុជាបានសម្រេចផ្តល់អាជ្ញាបណ្ណអចិន្ត្រៃយ៍សម្រាប់ប្រកបអាជីវកម្មជាផ្លូវការមកឱ្យគ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ជំនួសឱ្យអាជ្ញាបណ្ណដែលមានកំណត់រយៈពេល ៣ឆ្នាំ។
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ គ្រឹះស្ថានបានបើកប្រតិបត្តិ ការការិយាល័យសាខាចំនួន ០៤ ដែលរួមទាំងទីស្នាក់ការកណ្តាល (រួមជាមួយសាខាការិយាល័យកណ្តាល) សាខា ខណ្ឌព្រែកព្នៅ/ខណ្ឌទួលគោក សាខាខណ្ឌពោធិ៍សែនជ័យ និងសាខាក្រុងច្បារមន ជាមួយនឹងអតិថិជនដែលបាននឹងកំពុងប្រើប្រាស់កម្ចីមានសរុប ៧៨៩នាក់ ស្មើនឹងផលបត្រ ឥណទានសរុប ១៣.២៩៥.៩២០ ដុល្លារអាមេរិក ក្រោមការគ្រប់គ្រងរបស់មន្រ្តីឥណទានចំនួន ២៦ នាក់។ នៅក្នុងអំឡុងឆ្នាំ២០២២ នេះ មានផលប៉ះពាល់ពីការរីករាលដាលនៃមេ រោគកូវីដ និងបញ្ហាសង្គ្រាម រវាងប្រទេសរុស្សី និងអ៊ុយក្រែន អូសបន្លាយមកដល់ពេលនេះបានធ្វើឱ្យការស្ទុះងើបឡើងនៃសេដ្ឋកិច្ចកម្ពុជាមានភាពយឺតយ៉ាវ។ ផលប៉ះពាល់នេះបានធ្វើឱ្យគ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មានអត្រាហានិភ័យផលបត្រឥណទានមានការកើនឡើងខ្ពស់ ប៉ុន្តែបើទោះជាស្ថិតក្នុងស្ថានភាពនេះក៏ដោយ គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី នៅតែអាចរក្សាប្រាក់ចំណេញរបស់ខ្លួនបានចំនួន ៤៤៩.៤២៦ ដុល្លារអាមេរិក។
ទោះបីគ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មិនទាន់មានការិយាល័យប្រតិបត្តិការឱ្យបានទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា ក៏ចក្ខុវិស័យរបស់យើងខ្ញុំត្រូវតែខិតខំអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខមួយនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពក្នុងពេលបច្ចុប្បន្ន ក៏ដូចពេលអនាគតតាមរយៈការធ្វើឱ្យមានលំនឹងស្ថិរភាព តម្លាភាពលើផ្នែកទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា និងផែនការយុទ្ធសាស្រ្តរយៈពេលវែងដែលនឹងពង្រីកតំបន់ប្រតិបត្តិការឱ្យបានទូលំទូលាយបន្ថែមទៀតនៅតាមបណ្តាខេត្តផ្សេងៗទៀត ដែលជាបំណងប្រាថ្នាដ៏សុចរិត ក៏ដូចជាគោលដៅរបស់គ្រឹះស្ថានយើងខ្ញុំផងដែរ។
កន្លងមក ដើម្បីបំពេញតម្រូវការរបស់អតិថិជន គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានបង្កើតផលិតផលសេវាហិរញ្ញវត្ថុជាច្រើនដែលរួមមាន ឥណទានអាជីវកម្ម ឥណទានកសិកម្ម ឥណទានគេហដ្ឋាន ឥណទានសម្រាប់ប្រើប្រាស់ ឥណទានបុគ្គលិក ឥណទានសម្រាប់ការសិក្សា និងឥណទាននិយោជិត។ ចំពោះឥណទានបុគ្គលិក និងឥណទានសម្រាប់ការសិក្សា ត្រូវបានផ្តល់ជូនក្នុងអត្រាការប្រាក់ទាបបំផុត ជាមួយនឹងសេវាល្អឥតខ្ចោះដែលមិនធ្លាប់មានក្នុងគោលដៅចូលរួមលើកស្ទួយផ្នែកសង្គម គាំទ្រជីវភាពគ្រួសាររបស់បុគ្គលិក និងអភិវឌ្ឍនូវវិស័យធនធានមនុស្ស។ គ្រឹះស្ថានរបស់យើងខ្ញុំ នឹងរិះរកវិធីក្នុងការផ្ដល់ជូននូវសេវាដ៏សម្បូរបែប និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់លើដំណោះស្រាយហិរញ្ញវត្ថុថ្មីៗ ជូនចំពោះអតិថិជនចាស់ និងថ្មីទាំងអស់។
ទន្ទឹមនឹងការបំពេញតម្រូវការអតិថិជន យើងក៏បានយកចិត្តទុកដាក់លើការពង្រឹងប្រព័ន្ធនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ខ្លួន ដើម្បីឱ្យការប្រតិបត្តិមានភាពរឹងមាំដោយផ្តោតលើការបណ្តុះបណ្តាលចំណេះជំនាញបុគ្គលិក ការកែសម្រួលរចនាសម្ព័ន្ធ និងបច្ចុប្បន្នភាពលើគោលការណ៍នីតិវិធីនានា ព្រមទាំងត្រូវប្រតិបត្តិតាមច្បាប់ ឬបទប្បញ្ញត្តិដែលតម្រូវដោយធនាគារជាតិនៃ កម្ពុជា និងក្រសួងពាក់ព័ន្ធ។
ដោយសារតែរដ្ឋាភិបាលបានអនុញ្ញាតឱ្យអាជីវកម្មចាប់ផ្តើមបើកដំណើរឡើងវិញ និងស្ថានភាពធូរស្រាលច្រើននៃការរីករាលដាលមេរោគកូវីដ ដែលបានធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុករបស់កម្ពុជានឹងវិលទៅរកភាពប្រក្រតីវិញនូវមុខរបរ និងអាជីវកម្មនានា មានដំណើរការល្អប្រសើរឡើងវិញ រួមទាំងការធ្វើដំណើរ និងទេសចរណ៍ផងដែរសម្រាប់ឆ្នាំ២០២២។ ម្យ៉ាងទៀត យើងសង្ឃឹម និងជឿជាក់ថា គ្រឹះស្ថានយើងខ្ញុំនឹងក្លាយជាមាគ៌ា សម្រាប់អ្នកជំនាន់ក្រោយកម្ពុជា ដែលសម្រេចយកភាពត្រឹមត្រូវ ស្មើគ្នា និងរក្សាឱ្យបាននូវតម្លាភាព ជាមូលដ្ឋានក្នុងវិស័យសេវាហិរញ្ញវត្ថុ។ គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានការគាំទ្រមូលនិធិពីភាគទុនិកឯកកម្មសិទ្ធិនៃប្រទេសជប៉ុន ដែលយើងខ្ញុំអាចចាត់ចែងប្រកបដោយភាពស្ទាត់ជំនាញ និងផ្តល់សេចក្តីសម្រេចចិត្តបានយ៉ាងឆាប់រហ័ស ដើម្បីបំពេញតាមតម្រូវការអតិថិជន។
ដើម្បីឱ្យ “សុបិនអតិថិជនក្លាយជាការពិត” យើងខ្ញុំរីករាយស្វាគមន៍សហការក្នុងការផ្តល់សេវាហិរញ្ញវត្ថុយ៉ាងកក់ក្តៅ និងជាទីទុកចិត្តបំផុតជូនអតិថិជនទាំងអស់ និងគ្រប់ពេលវេលាដែលត្រូវការ។
ជាទីបញ្ចប់ ក្នុងនាមថ្នាក់ដឹកនាំគ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជន ភាគទុនិក ជប៉ុន ក្រុមប្រឹក្សាភិបាល ជំនួយការនាយកប្រតិបត្តិ និងបុគ្គលិកទាំងអស់ ដែលតែងតែគាំទ្រ និងការខិតខំប្រឹងប្រែង ក្នុងការអនុវត្តតាមផែនការយុទ្ធសាស្រ្តរបស់គ្រឹះស្ថានកន្លងមក ក៏ដូចជាធនាគារជាតិនៃកម្ពុជា ដែលតែងតែផ្តល់ការសហការ និងការគាំទ្រដល់គ្រឹះស្ថានយើងខ្ញុំ។
សូមសុបិនរបស់លោកអ្នកក្លាយជាការពិត។